រដ្ឋបាលក្រុងប៉ោយប៉ែត ប្រារព្ធពិធីដាំកូនឈើនៅបរិវេណតារាងបាល់ទាត់នៃការិយាល័យអប់រំ យុវជននិងកីឡាក្រុង
ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាសប្រារព្ធពិធីដាំកូនឈើនៅបរិវេណតារាងបាល់ទាត់ការិយាល័យអប់រំ យុវជន និងកីឡាក្រុង នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ លោក គាត ហុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលរូបខ្ញុំបានចូលរួមជាមួយលោក លោកស្រី ក្នុងពិធីដាំដើមឈើនៅតារាងបាល់ទាត់របស់ការិយាល័យអប់រំ យុវជន និងកីឡាក្រុងនាពេលនេះ។
លោកអភិបាលក្រុងបានបន្តថា ការដាំដើមឈើមិនត្រឹមតែជាការដាំដើម្បីសម្រាប់ជ្រកម្លប់ប៉ុណ្ណោះទេ ការដាំដើមឈើ គឺជាការចូលរួមចំណែកដ៏ធំធេងក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យទីក្រុងរបស់យើងក្លាយជាទីក្រុងបៃតងល្អស្អាតទៀតផង។ហើយកន្លងមករដ្ឋបាលក្រុងប៉ោយប៉ែត ធ្លាប់ចូលរួមប្រលងប្រណាំងទីក្រុងស្អាតទូទាំងប្រទេសចំនួន០២លើករួចហើយ ដោយលើកទី១ ទទួលបានជ័យលាភីផ្ការំដួល១ទង និងលើកទី២ ទទួលបានជ័យលាភីផ្ការំដួល២ទងផងដែរ។
ជាមួគ្នានោះដែរលោកអភិបាលក្រុងបញ្ជាក់ទៀតថា ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត មានសំណាងមែនតែន ដោយសាមានអ្នកវិនិយោគគំរោងទីក្រុងដែលចង់រស់នៅ គឺជាគំរោងទី២ មានទឹកប្រាក់រហូតទៅដល់១រយ១៥លានដុល្លា លើហេដ្ឋារចនាសម្ព័ន្ធ ពិសេសលូប្រអប់នៅក្រុងប៉ោយប៉ែត ហើយគំរោងនេះនឹងចាប់ផ្តើមដេញថ្លៃនៅចុងឆ្នាំ២០២០នេះ ហើយចាប់អភិវឌ្ឍនៅឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។ដោយឡែកក្នុងឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ គឺអនុវឌ្ឍគំរោងនេះគឺទឹកប្រាក់ចំនួន៦០លានដុល្លា ដែលជាចំណងដៃពីរាជរដ្ឋាភិបាលកម្ពុជា៕