រដ្ឋបាលខេត្តកណ្ដាល ទទួលសម្ភារៈសម្លាប់មេរោគ និងទឹកថ្នាំសម្លាប់មេរោគ ពីក្រុមហ៊ុន ឆាយ វ៉ាង
ខេត្តកណ្តាល៖ឯកឧត្តម គង់ ភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានទទួលសម្ភារៈសម្លាប់មេរោគ និងទឹកថ្នាំសម្លាប់មេរោគ ពីលោកឧកញ៉ា តាំង គួង នាយកក្រុមហ៊ុន ឆាយ វ៉ាង ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តកណ្ដាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជារបស់យើង មិនមានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ឡើយ។ ប៉ុន្តែបើទោះជាទូទាំងប្រទេសកម្ពុជា ក៏ដូចជាខេត្តកណ្ដាល មានភាពល្អប្រសើរក្ដី តែរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅតែបន្ត និងអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការធ្វេសប្រហែសជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះ ព្រោះថានៅទូទាំងពិភពលោក មិនទាន់មានថ្នាំព្យាបាលឡើយ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ឆាយ វ៉ាង ព្រមទាំងសហការី ដែលបានជួយឧបត្ថម្ភនូវសម្ភារៈសម្លាប់មេរោគ និងទឹកថ្នាំសម្លាប់មេរោគ ដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ ក្នុងការចូលរួមក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ជំងឺកូវីត-១៩ ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពីគុណធម៌ និងការចេះជួយគ្នាក្នុងគ្រាលំបាក។
សម្ភារៈដែលលោកឧកញ៉ា តាំង គួង នាយកក្រុមហ៊ុន ឆាយ វ៉ាងប្រគល់ជូនរដ្ឋបាលខេត្ត នោះរួមមាន៖ទូសម្លាប់មេរោគចំនួន១
,ម៉ាស៊ីនបាញ់ចំហាយទឹកសម្លាប់មេរោគចំនួន១០គ្រឿង
,ទឹកសម្លាប់មេរោគចំណុះ១០០ml ចំនួន២៤០ដប
,ទឹកសម្លាប់មេរោគចំណុះ៥០០ml ចំនួន៥០ដប
,ទឹកសម្លាប់មេរោគសម្រាប់Refill ១០L ចំនួន៨០ប្រអប់ ,ទឹកសម្លាប់មេរោគសម្រាប់Refill ១០L ចំនួន២០ប្រអប់៕