ទឹកជំនន់ជនលិចផ្ទះពលរដ្ឋ នៅស្រុកម៉ាឡៃ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងផលដាំណាំផ្សេងៗ
ខេត្តបន្ទាយមានជ័យ៖ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៤ភូមិ នៅក្នុងស្រុកម៉ាឡៃរងការលិចលុង។ចំណែកសត្វពាហានៈមួយចំនួនបានបាត់បង់ ដោយសារទឹកហក់ក្នុងល្បឿនលឿនយកមិនទាន់ និងផលដំណាំផ្សេងៗរងការខួចខាតស្ទើទាំងស្រុង ក្នុងនោះមានមនុស្សម្នាក់ឈ្មោះ លឹម សឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃផងដែរបានលង់ស្លាប់ បន្ទាប់ពីដើរទៅយកអង្ករចេញពីផ្ទះទាំងយប់ គាប់ជួនទឹកកំពុងហូក្របួចខ្លាំង និងរមូលក្រពើរផងនោះ ទើបបណ្តាលឲ្យលង់ទឹកបាត់មួយយប់ លុះព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ទើបរកឃើញសាកសពឃើញ។
ដោយមើលឃើញពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាត រួមមានៈអភិបាលស្រុក ,កម្លាំងឈរជើងស្រុងម៉ាឡៃ,នគរបាលការពារព្រំដែនគោក៨១៥,កម្លាំងយោធាសឹករងស្រុកម៉ាឡៃ,កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ និងវរសេនាតូច៥១១ ចំណុះឲ្យកងពលតូចថ្មើជើងលេខ៥១ បានចុះសួរសុខទុក និងនាំយកទូកជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលកំពុងជាប់នៅក្នុងផ្ទះចេញមិនរួច ដោយខ្លះចាស់ជរា និងខ្លះទៀតកូនតូចៗ ក្នុងនោះបានជួយយកនូវសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនផងដែរ ដើម្បីនាំយកទៅរកទីទួលមានសុវត្ថិភាព។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ត្រូវបង្កើនការប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់កើតមានជាយថាហេតុ ពីព្រោះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃនេះដល់១៣ ខែតុលា ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយជាលំដាប់ នៅតាមតំបន់ទំនាបកណ្តាល ជួរភ្នំដងរ៉ែក នឹងមានភ្លៀងខ្យល់បក់ខ្លាំង បង្កឲ្យមានផ្គរ រន្ទះផងដែរ៕