ឯកឧត្តម វេង សាខុន អញ្ជើញជួបសំណេះសំណាល និងចែកសម្ភារតង់ប្លាស្ទិក កូនត្រី សម្រាប់អនុវត្តសកម្មភាពវារីវប្បកម្ម ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩
ខេត្តព្រះវិហារ៖ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួង លោកនាយករដ្ឋបាលសាលាខេត្ត ប្រធាន និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ អញ្ជើញជួបសំណេះសំណាល និងចែកសម្ភារតង់ប្លាស្ទិក កូនត្រី សម្រាប់អនុវត្តសកម្មភាពវារីវប្បកម្ម អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សម្តែងនូវអភិវន្ទកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ នូវវត្តមានរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិកសមាជិកាអមដំណើរ ដែលបានផ្តល់កិត្តិយសចូលរួមនៅក្នុងពិធីនេះ និងថ្លែងកោតសសើរពីភាពជោគជ័យរបស់ដល់ប្រជាពលរដ្ឋ ដែលបានខិតខំអនុវត្តសកម្មភាពវារីវប្បកម្ម ដែលមានការឧបត្ថម្ភគាំទ្រទុន និងផ្នែកបច្ចេកទេសចិញ្ចឹម នៅក្នុងខេត្តព្រះវិហារដំណាក់កាលក្នុងវគ្គទី០១ កន្លងទៅនេះ លើការងារចិញ្ចឹមសត្វរួមមាន ត្រីអណ្តែង កង្កែបដែលទទួលបានផលល្អប្រសើរ។
ជាក់ស្តែងក្នុងមួយគ្រួសារទទួលបានប្រាក់ចំណូលពីការចិញ្ចឹមត្រី កង្កែបសរុបចំនួន១.៥៤០.០០០រៀល និងទទួលបានប្រាក់ចំណេញ ចំនួន២៨៦, ០០០រៀល ក្នុងមួយវគ្គដំបូង(ក្នុង រយៈពេលជិតពីរខែកន្លះ)។តាមរយះលទ្ធផលទាំងនេះគឺពិតជាបង្ហាញពីការលើកទឹកចិត្ត និងជម្រុញនូវសន្ទុះអភិវឌ្ឍន៍វិស័យកសិកម្មឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសលើផ្នែកវារីវប្បកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល ឱកាសការងារក្នុងការចិញ្ចឹមសត្វ ក្នុងក្របខណ្ឌបច្ចេកទេស ដោយប្រើប្រាស់រយៈពេលខ្លី ដោយចំណាយដើមទុនតិច ទទួលបានផលកម្រៃច្រើន ពិសេសរក្សាបានស្ថានភាពប្រក្រតី ក្នុងអំឡុងពេលវិបត្តនៃជម្ងីកូវិដ១៩ នៅតែបន្តអូសបន្លាយ៕