ជួសជុលផ្លូវឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅនារដូវវស្សា......
(ភ្នំពេញ)
ផ្លូវដែលខូចខាតដោយសំបុកមាន់ ឬដក់ទឹក ត្រូវបានធ្វើការជូសជុលឡើងវិញជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ នារដូវវស្សានេះនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០៩,០៩ នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចុះត្រួតពិនិត្យការងារជួសជុលផ្លូវខូចខាតដោយសំបុកមាន់ ដោយក្រុមការងារការិយាល័យសាធារណការខណ្ឌ នៅតាមបណ្តាផ្លូវមួយចំនួន រួមមាន៖ ផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម, ផ្លូវលេខ៥១(ចន្លោះផ្លូវលេខ២២៨ និងផ្លូវលេខ២៤០), និង ផ្លូវលេខ២៤០(ចន្លោះផ្លូវលេខ០៣ ដល់ផ្លូវលេខ១៩) ស្មើនឹងទំហំខូចខាតសរុបចំនួន ២២ម៉ែត្រការ៉េ ។ ក្នុងការចុះពិនិត្យការដ្ឋាននេះដែរ លោក អភិបាល ក៏បានធ្វើការណែនាំបន្ថែមដល់មន្ត្រីជំនាញ និងសង្កាត់ពាក់ព័ន្ធ បន្តចុះពិនិត្យ និងរាយការណ៍ អំពីស្ថានភាពផ្លូវខូចខាតដោយសំបុកមាន់ ផ្លូវស្រុត លូ-អណ្តូងលូបាក់បែក ស្ទះលូ និងបង្គោលភ្លើងសាធារណៈផងដែរ ដើម្បីរដ្ឋបាលខណ្ឌ-សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធធ្វើការជួសជុល កែលម្អបានទាន់ពេលវេលា ។ រដ្ឋបាលខណ្ឌ ក៏សូមលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទូទៅ ចូលរួមសហការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន តាមគ្រប់មធ្យោបាយ ដើម្បីមានមូលដ្ឋាន និងព័ត៌មាន ក្នុងការចុះពិនិត្យ និងជួសជុលកែលម្អ បន្ថែមទៀត ៕