លោក ឡាយ វណ្ណ: តុលាការ សម្រេចដាក់គុក ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធ ១០ឆ្នាំ ចំណែកកូនចៅ......
(រាជធានីភ្នំពេញ)
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៩នេះ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លោក ឡាយ វណ្ណៈអតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគារកំណត់រយៈពេល១៣ឆ្នាំ ក្នុងសំណុំរឿងឃាតកម្មលើលោកស្រី ចេវ សុវឌ្ឍនា។ សាលក្រមដ៏ដែល បានសម្រេចផ្ដន្ទាទោសលោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារកំណត់ពេល១០ឆ្នាំ។ ចំណែកជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ ជាតែកុងឡានរបស់លោក ឡាយ វណ្ណៈ និងឈ្មោះ ជឹម វុធ ហៅថូត ជាអ្នកបម្រើនៅផ្ទះលោកស្រី ចេវ សុវឌ្ឍនា ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់២ឆ្នាំ។
សូមជម្រាបជូនថា៖ តុលាការបានចោទប្រកាន់លើជនចប់ឈ្មោះ ឡាយ វណ្ណៈ ភេទប្រុសអាយុ៤៥ឆ្នាំ អតីតអភិបាលខេត្តតាកែវ និងឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ អតីតស្នងការរងខេត្តតាកែវ ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោសង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ចំណែកជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់លោក ឡាយ វណ្ណៈ និងឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះលោកស្រី ចេវ សុវឌ្ឍនា ពីបទលាក់បាំងតម្រុង ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ។ គួររំលឹកថា៖ ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនាហៅស្រីពៅត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលអោយនៅក្នុងភូមិផ្សារតាកោសង្កាត់រកាក្នុង ក្រុងដូនកែវខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ។ ករណីឃាតកម្មនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋនថា៖ជារឿង ធ្វើអត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្តែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌ
ក្រសួងមហាផ្ទៃបានរកឃើញថា ករណីខាងលើ មិនមែនជារឿងធ្វើអត្តឃាតឡើយ ពោលគឺជារឿងឃាតកម្ម ដោយមានអ្នកបញ្ជា និង រៀបចំទុកសម្លាប់ជនរងគ្រោះ។ ក្រោយពីបើកការស៊ើបអង្កេត សមត្ថកិច្ចជំនាញបានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង៤នាក់ ខាងលើបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕