កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី......
(បន្ទាយមានជ័យ)
ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី នៅចំណុចស្តារវីឡេក ស្ថិតនៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេវីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ បន្ទាប់ពីធ្វើការសាកសួរ លោកបានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ នៅវេលាម៉ោងប្រមាណ ១៥ និង ៣០នាទី នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ដោយបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ស្តីពីករណីខាងលើ លោកបានដឹកនាំកម្លាំងចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងធ្វើការឃាត់ខ្លួនភ្លាម បានចំនួន ០២នាក់។
១-ឈ្មោះ រិន តែម ហៅ រ៉ានី ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន៖ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២-ឈ្មោះ ចាន់ ក្រោះ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ បច្ចុប្បន្ន៖ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងរួមមាន៖ -ម្សៅពណ៌សថ្លា ចំនួន ០៥កូនថង់ ស្មើ ១.០៦ក្រាម -កូនកាំបិតបត់ ០១ដើម -ម៉ូតូ ០១គ្រឿង -ឧបករណ៍កែឆ្នៃជក់គ្រឿងញៀនមួយចំនួន។ ក្រោយពីការឃាត់ខ្លួន និងសាកសួរចម្លើយ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀន បានបន្ថែមថា៖ ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន។ យោងតាមចម្លើយសារភាព និង ការធ្វើតេស្តរកសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បច្ចុប្បន្ន៖ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕