កម្លាំងមូលដ្ធានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្របួចបានចោរលួចម៉ូតូនៅ ភែរើ មែកស៍ បានចំនួន......
ខេត្តបន្ទាយមានជ័យ៖
ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង ៤០នាទី នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួចម៉ូតូ ដែលប្រព្រឹត្តការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និង វត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វុទី្ធ ស្រីនិត ភេទ ស្រី អាយុ ១៩ឆ្នាំ មុខ របរ បុគ្គលិកកាស៊ីណូ ភែរើមមែកស៍ (PARAMAX) ដែលមានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាក ZOOMER-X ទៅធ្វើការនៅកាស៊ីណូ និងបានយកម៉ូតូទៅផ្ញើនៅកន្លែងផ្ញើម៉ូតូក្នុងកាស៊ីណូដូចធម្មតា លុះពេលចេញពីធ្វើការវិញមករកម៉ូតូ ស្រាប់តែបាត់រកមិនឃើញ ខ្លួនក៏បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានធ្វើការស៊ើបសួរ រហូតដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ទើបកំណត់បានមុខសញ្ញាជនសង្ស័យ ហើយកោះហៅជនសង្ស័យមកសាកសួរ ។
លោកបានបន្តទៀតថា៖ក្រោយពីធ្វើការសាកសួររួច យើងអាចកំណត់មុខសញ្ញាជនសង្ស័យបានយ៉ាងជាក់លាក់ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ៖ ១-មានឈ្មោះ ទៀក ធី ភេទ ប្រុស អាយុ ៤៨ឆ្នាំ មុខរបរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២-ឈ្មោះ សុខ សាន ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកបានបញ្ជាក់បន្ថែមថា៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ នៅថ្ងៃកើតហេតុ ពួកខ្លួនបានចូលទៅលែងល្បែងនៅក្នុងកាស៊ីណូភែរើមែកស៍ លុះដល់លេងចាញ់អស់ប្រាក់ក៏បែកគំនិតលួចយកម៉ូតូ ដែលមាននៅកន្លែងផ្ញើម៉ូតូ របស់កាស៊ីណូ ហើយពួកខ្លួនបានយកកូនសោរមួយ ដើរចាក់គ្រប់ម៉ូតូ ក៏ត្រូវជាមួយម៉ូតូ ០១គ្រឿងម៉ាក ZOOMER-X ហើយពួកខ្លួនក៏ជិះចេញយកទៅដាក់បញ្ចាំក្នុងតម្លៃ ១០.០០០បាត(មួយម៉ឺនបាត)
ដើម្បីយកលុយទៅលេងល្បែងបន្ត។
ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងសាក្សី ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ លួច(ម៉ូតូ) បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់។ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី នៃ ច្បាប់។ ចំណែកម៉ូតូ កម្លាំងជំនាញបានប្រគល់ជូនទៅម្ចាស់ដើមវិញ៕