អ្នកញៀនល្បែងរាប់សិបនាក់ បាននាំគ្នាប្រើក្បាច់គុណម៉ែចែកឲ្យរត់បាតជើងសព្រាត
(ភ្នំពេញ)
អ្នកញៀនល្បែងរាប់សិបនាក់ បាននាំគ្នាប្រើក្បាច់គុណទ្វារប្រាំបីដែលម៉ែចែកឲ្យ ដោយអ្នកខ្លះរត់ចោលម៉ូតូហុយដីសំពោង អ្នកខ្លះរត់ដួលធ្លាក់ ភក់ អ្នកខ្លះរត់ផ្លោះរបង ជ្រែកដី ជ្រែកអាកាស បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈ២នាក់ទៀតអត់ចេះក្បាច់គុណដូចគេ ហោះ ហើរ ជ្រែកដីមិនកើត ត្រូវបានកម្លាំងសមត្ថកិច្ច ចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យធ្វើការឃាត់ខ្លួន ក្រោយពីបានឆ្មក់ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ( សង្វៀងជល់មាន់) មួយកន្លែង នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង០២:៣០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ។ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា ក្រោយពីមានការផ្ដល់ព័ត៌មានថា មានការលួចបេីកលេងឡេីងវិញនោះ លោកបានដឹកនាំកម្លាំងដោយផ្ទាល់ ចុះមកបង្ក្រាបភ្លាមៗតែម្ដង តែជាក់ស្ដែងដោយសារទីតាំងខាងលើនេះ មានច្រករត់ច្រើន ទើបកម្លាំងនគរបាល ឃាត់បានតែចំនួនមនុស្ស ២នាក់គត់ (ជាអ្នកលេង) ចំណែកឯអ្នកលេងផ្សេងទៀតនាំគ្នាបោះមាន់ចោលរត់យករួចខ្លួន ចោលស្បែកជេីង អ្នកខ្លះរត់ដួលធ្លាក់ ភក់ អ្នកខ្លះរត់ផ្លោះរបងថែមទៀតផង និងបានដកហូតវង់អាប៉ោង រួមទាំងម៉ូតូជាច្រើនគ្រឿងរបស់ក្រុមអ្នកញៀនល្បែង និងសម្ភារៈសម្រាប់ជល់មាន់មួយចំនួនទុកជាវត្ថុតាង ផងដែរ។ លោកអធិការបានបន្ដថា កម្លាំងនគរបាលខណ្ឌមានជ័យ មិនមានពាក់ព័ន្ធជាមួយទីតាំងល្បែងស៊ីសងខាងលើនេះទេ ។ ជាមួយគ្នានេះដែរលោក សៀង សាញ់ នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានបញ្ជាក់ថា ចំពោះទីតាំងសង្វៀនជល់មាន់ ដែលលោកអធិការដឹកនាំកម្លាំងចុះបង្ក្រាប ដោយមានការចូលរួម ដោយរូបលោកជានាយរងព្រហ្មទណ្ឌផ្ទាល់, លោកអធិការរង៤រូប និងកម្លាំងនៃអធិការខណ្ឌមានជ័យ ហេីយលោកមិនជាប់ពាក់ព័ន្ធអ្វី ដូចការចោទប្រកាន់នោះទេ។ បច្ចុប្បន្នក្រោយពេលចុះបង្ក្រាបទីតាំងសង្វនជល់មាន់រួច កម្លាំងសមត្ថកិច្ចបាននាំខ្លួនអ្នកញៀនល្បែងជល់មាន់២នាក់ យកទៅកាន់ប៉ុស្ដិ៍ដើម្បីធ្វើការសួរនាំបន្ដទៀត៕