ពិធីបញ្ចុះបឋមសីលាសាងសង់អាគារក្រោមអធិបតីភាពលោក.....
(ខេត្តបន្ទាយមានជ័យ)
នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អាគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថនៅស្រុកអូរជ្រៅថ្មីចំនួន ០១ខ្នង អាគារនេះសាងសង់ឡើងអំពីថ្ម ដំបូលប្រក់ក្បឿងស្រកាលិញ ដែលមានទំហំ ០៧ម៉ែត្រ x ២២ម៉ែត្រ កំពស់ ០៥ម៉ែត្រ នៅលើផ្ទៃដីទំហំ ៧០ម៉ែត្រ x ៣០ម៉ែត្រ
ក្នុងពិធីនេះលោកមេបញ្ចាការបានមានប្រសាសន៍ថា ៖ ការសាងសង់អាគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត គឺយោងតាមគោលការណ៍ និងសេចក្តីណែនាំពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យគ្រប់បណ្តាទីបញ្ជាការកងរាជអាវុធហត្ថ រាជធានី-ខេត្ត មូលដ្ឋានស្រុក/ក្រុង និងស្នាក់ការសន្តិសុខ សាងសង់ទីជម្រកសម្រាប់កងកម្លាំង និងកន្លែងធ្វើការ ស្នាក់នៅ ផ្ទះបាយ ឃ្លាំងដាក់សម្ភារៈនិងសាលប្រជុំប្រកបទៅតាមស្តង់ដារនិងគុណភាពដែលជាតម្រូវការចាំបាច់ទៅតាមរបៀបរបបការងារផងដែរ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបន្ថែមថា ៖ ក្រោយពីការសាងសង់អាគាររដ្ឋបាលចប់ជាស្ថាពរ លោកនឹងបន្តសាងសង់អាគារស្នាក់នៅសម្រាប់កងកម្លាំង ផ្ទះបាយ ឃ្លាំងដាក់សម្ភារៈ និងបន្ទប់អនាម័យបន្ថែមទៀត។ លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានបញ្ជាក់ឲ្យដឹងថា៖ ការសាងសង់អាគាររដ្ឋបាលរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ គឺជាគំនិតផ្តួចផ្តើម និងឧបត្ថម្ភដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការចូលរួមពីសំណាក់អាជីវករ និងសប្បុរសជនមួយចំនួនដែលរស់នៅក្នុងមូលដ្ឋានស្រុកអូរជ្រៅផងដែរ៕