បុរសម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណី...
(បន្ទាយមានជ័យ)
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៥ និង ០០នាទី នៅចំណុចខាងត្បូងផ្លូវរថភ្លើង ស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី អំពើឃាតកម្ម ប្រព្រឹត្តកាលពីវេលាម៉ោង ០២ និង ០០នាទី នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា ៖ យោងតាមការបំភ្លឺរបស់សាក្សីបានឲ្យដឹងថា ៖ នៅយប់ថ្ងៃកើតហេតុ ខ្លួនបានឮសម្លេងឈ្លោះប្រកែកគ្នា ហើយខ្លួនក៏ចេញទៅមើល ស្រាប់តែឃើញមនុស្ស ០១ក្រុមដេញចាប់បុរសម្នាក់ និងបានឃើញបុរសម្នាក់ទៀតកំពុងដេកប្រកាច់លើដី ខ្លួនក៏បានសួរនាំអ្នកនៅកន្លែងកើតហេតុ គេបានប្រាប់ថាឈ្មោះ ទូ ត្រូវបានឈ្មោះ តាក់ ចាក់ត្រូវ ០១ដែកឆាប ឃើញដូចនេះខ្លួនក៏បានយកម៉ូតូដឹក ឈ្មោះ ទូ ទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មី លុះទៅដល់មន្ទីរពេទ្យបង្អែកមួយសន្ទុះ ឈ្មោះ ទូ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ៖ ក្រោយពីទទួលបានដំណឹងថាមានអំពើឃាតកម្មកើតឡើង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ និងបានតាមស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ លុះដល់វេលាម៉ោងប្រមាណ ០៥ និង ០០នាទី ទើបអាចឃាត់ខ្លួនជនសង្ស័យបាន។ ក្រោយពីធ្វើការសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា៖ នៅថ្ងៃកើតហេតុខ្លួនបានផឹកស្រាស្រវឹងជោគ ហើយបានដើរទៅទិញគ្រឿងញៀនពីជនរងគ្រោះ តែជនរងគ្រោះមិនព្រមលក់ឲ្យ ខ្លួនក៏បានដើរត្រឡប់មកវិញ ស្រាប់តែជនរងគ្រោះស្ទុះមកវាយខ្លួនពីក្រោយ ខ្លួនខឹងយ៉ាងខ្លាំងបានរត់ទៅយកដែកឆាប ហើយត្រឡប់មកវិញដើរសំដៅទៅរកជនរងគ្រោះ ដកដែកឆាបពីក្នុងហោប៉ៅ ចាក់ទៅលើជនរងគ្រោះតែម្តង ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់សាក្សី ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យខាងលើអាចត្រូវចោទពីបទ អំពើឃាតកម្ម ។ បច្ចុប្បន្ន៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។ សូមបញ្ជាក់ថា ករណីខាងលើនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ចំពោះជនដែលមានការពាក់ព័ន្ធនិងករណីគ្រឿងញៀនបន្តទៀត ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់៕