ពេលនេះសមត្ថកិច្ចរកឃេីញ សាកសពកម្មករទូកនេសាទ ដែលធ្លាក់ទឹក នៅកោះក្រសា កាលពីប៉ុន្មានថ្ងៃមុនហេីយ
កោះកុង ៖នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ សាកសពកម្មករទូកនេសាទ ដែលធ្លាក់ទឹកបាត់ខ្លួន កាលពីប៉ុន្មានថ្ងៃមុននោះ បានរកឃើញហើយ កាលពីវេលាម៉ោងជាង១សៀលនាថ្ងៃទី២៨ ម្សិលម៉ិញ ត្រង់ចំនុចអន្លង់ត្រី ស្ថិតក្នុងភូមិព្រែកខ្សាច់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ។
ប្រភពបានពីសន្តិសុខក្រុមហ៊ុនញូញៀនភ្លៀម កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យឃើញថា ពិតជាសាកសព របស់កម្មករទូកនេសាទឈ្មោះ ផល ដែលបានធ្លាក់ទឹកនៅចំនុចកោះក្រសា ឃុំភ្ញីមាស ស្រុកគិរីសាគរ កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ពិតប្រាកដមែន ។
លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយការត្រួតពិនិត្យឃើញថាករណីខាងលើនេះ ពុំមែនជាករណីឃាតកម្មអ្វីនោះទេ ការអះអាងនេះគឺបានធ្វើឡើងក្រោយការសាកសួរបំភ្លឺ ពីកម្មករទូកនេសាទដែលធ្វើការជាមួយគ្នា ដោយពួកគេបាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះ និង កម្មករផ្សេងៗទៀត កំពុងធ្វើការជាមួយគ្នា នៅពេលទំលាក់មង ចុះទឹក ជនរងគ្រោះបានទាក់ជើងជាមួយខ្សែរវ៉ាន ពេលនោះជនរងគ្រោះក៏បានលោតចុះទឹក ហើយពួក គេក៏បានរត់ទៅប្រាប់តៃកុងទូក ពេលនោះទូកក៏បានបត់ដើម្បីស្វែងរកជនរងគ្រោះដែរ តែដោយ សា្ថនភាពទឹកហូរខ្លាំង និងមេឃងងឹតផង ទើបធ្វើអោយពួកគេរកជនរងគ្រោះពុំឃើញ ។
ក្រោយសមត្ថកិច្ចជំនាញបានពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចរាល់សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។