មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យ....
ខេត្តបន្ទាយមានជ័យ៖
ថ្ងៃព្រហស្បត្តិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា ឆ្នាំ២០១៩ និងទិសដៅការងារបន្តខែសីហា ឆ្នាំ២០១៩ និងផ្សព្វផ្សាយការណែនាំស្តីពីការងារជំនាញកសាងកម្លាំង និងផ្សព្វផ្សាយប្រសាសន៍ណែនាំ ០៥ចំណុច របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពាក់ព័ន្ធការងារជំនាញគ្រឿង
ញៀន។
ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ នាយទាហាន-នាយទាហានរងអាវុធហត្ថ ជាច្រើនរូប។ ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវបន្តអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់លើ និងក្ដាប់រាល់សភាពការណ៍ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ លោកឧត្ដមសេនីយ៍បានបញ្ជាក់ទៀតថា នៅពេលមានសភាពការចាំបាច់ត្រូវរាយការណ៍សុំគោលការណ៍ថ្នាក់លើ។
ដើម្បីត្រៀមលក្ខណៈរួចជាស្រេច ២៤ម៉ោង លើ ២៤ម៉ោង ត្រៀមធ្វើអន្តរាគមន៍ឲ្យបានទាន់ពេលវេលា នៅពេលមានហេតុការណ៍កើតឡើងជាយថាហេតុ ហើយអាវុធហត្ថគ្រប់រូប ត្រូវអនុវត្តន៍ឲ្យបានសមស្រប ប្រកាន់ខ្ជាប់នូវសីលធម៌ ម៉ឺងម៉ាត់ គោរពវិន័យ និងអាកប្បកិរិយាល្អក្នុងពេលបំពេញភារកិច្ច។
ជាពិសេសគោរពច្បាប់ គោរពសិទិ្ធមនុស្ស និងក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ -ចាត់តាំងកម្លាំងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា រាល់បទល្មើសដែលកើតមានឡើង -គ្រប់មូលដ្ឋានក្រុង/ស្រុក និងស្នាក់ការសន្តិសុខត្រូវបង្កើនកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីឲ្យបានល្អ និង ត្រៀមជួយសង្រ្គោះគ្រប់សភាពការណ៍ដែលកើតឡើងជាយថាហេតុ ដើម្បីផ្តល់សន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ៕