ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ ហិង្សា និងប្រេីប្រាស់នូវសារធាតុញៀន
យមានជ័យ៖ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង០០នាទី នៅចំណុចភូមិភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង ១០ និង០០នាទី នៅថ្ងៃទី
១៧ ខែមិថុនា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ផាត ចន្ថា ភេទ ស្រី អាយុ ៣៥ឆ្នាំ មានទៅលំនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ ជនសង្ស័យ មានឈ្មោះ ពរ សុខា ភេទ ប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិ/សង្កាត់កើតហេតុខាងលើ ត្រូវជាប្តីរបស់ខ្លួន តែងតែឈ្លោះជាមួយអ្នកជិតខាង និងរករឿងខ្លួនជាប្រពន្ធរៀងរាល់ថ្ងៃ នៅថ្ងៃកេីតហេតុ ពេលជនសង្ស័យមកដល់ផ្ទះ ស្រាប់តែជេរប្រមាថមកលេីរូបខ្លួន ហេីយបានស្ទុះមកវាយខ្លួនដោយកណ្តាប់ដៃចំក្បាល ខ្លួនភ័យពេកក៏នាំកូនរត់ទៅផ្ទះម្តាយដែលនៅទល់មុខគ្នា តែជនសង្ស័យមិនព្រមឈប់ បានយកពូថៅសៀតនឹងចង្កេះមកតាមជេរប្រមាថខ្លួន ម្តាយ និងពូរបស់ខ្លួនថែមទៀត ហេីយបានយកដំបងឈេីមកវាយទម្លាយទ្វារផ្ទះ និងគប់ដុំថ្មជាច្រេីនដុំមកលេីផ្ទះម្តាយរបស់ខ្លួនទៀតផង ដោយខ្លួនស៊ូទ្រាំលែងបាន ទើបមកដាក់ពាក្យបណ្តឹងតែម្តង ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានកោះហៅជនសង្ស័យមកសាកសួរ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា៖ខ្លួនពិតជាបានប្រើហិង្សាទៅលើប្រពន្ធ និងវាយទ្វារផ្ទះម្តាយក្មេក ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង យោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងធ្វេីតេស្តរកឃេីញមានសារធាតុញៀននៅក្នុងទឹកនោមរបស់ជនសង្ស័យ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យខាងលើអាចត្រូវចោទពីបទ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ បច្ចុប្បន្ន កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី។