ល្បែងស៊ីសងភ្នាល់តាមប្រព័ន្ធអនឡាញកំពុងរីករាលដាលពេញក្រុងប៉ោយប៉ែត ផ្ទុយទៅវិញសមត្ថកិច្ចមិនហ៊ានបង្រ្កាបសង្ស័យជាឆ្នាំងបាយរបស់.......
(បន្ទាយមានជ័យ)
សព្វថ្ងៃគេសង្កេតឃើញថា ល្បែងសុីសងដោយភ្នាល់តាមប្រព័ន្ធអនឡាញនៅតែមានការបើកលេងយ៉ាងសប្បាយរីករាយ ទោះបីជាមានការចរាចរណ៍ណែនាំពីរាជរដ្ឋាភិបាលកម្ពុជាអោយបិទក៏ដោយ តែសំរាប់ក្រុងប៉ោយប៉ែតវិញ នៅតែអាចបើកលេងដោយមិមានការរំខានពីសមត្ថកិច្ច។ មតិមហាជនបានលើកឡើងថា ប្រហែលជាបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា គ្មានតំលៃក្នុងក្រសែភ្នែករបស់សមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែតទេមើលទៅ ទើបមិនឃើញចេញសកម្មភាពចុះបង្រ្កាបល្បែងអនឡាញទាំងនោះ។
តាមការសង្កេតបច្ចុប្បន្ននេះទីតាំងល្បែងភ្នាល់តាប្រព័ន្ធអនឡាញនៅចំនុចទល់មុខហាងមីហិល ផ្លូវដើមពុទ្រ្ទាក្នុងភូមិក្បាលស្ពាន២ និងល្បែងអនឡាញនៅត្បួងស្តង់ជ្រូកចំងាយប្រហែល៥០ម៉ែត្រ ទល់មុខហាងលក់សំភារៈសិក្សា សៀវ ហាំងលី លី ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ និងទីតាំងហ្គេមអនឡាញមួយចំនួនទៀតនៅតែមានការបើកអោយយុវជនខ្មែរចូលទៅ ចាក់បាល់ ភ្នាល់ ដោយរលូន ។ តាមប្រភពពីពលរដ្ឋមួយចំនួននៅតាម ហាងគុយទាវ និងហាងការហ្វេ បាននិយាយថា តើអោយសមត្ថកិច្ចបង្រ្កាបល្បែងសុីសងទាំងនោះបានយ៉ាងមិចទៅ បើទីតាំងល្បែងភ្នាល់ចាក់បាល់តាមអនឡាញមួយចំនួនជារបស់សមត្ថកិច្ច អ្នកមានអំនាច និង ទីតាំងមួយចំនួនទៀតបានបង់លុយអោយទៅសមត្ថកិច្ចអោយហើយ។
នៅពេលថ្មីៗនេះ តាមប្រភពមួយចំនួនបានលួចបង្ហើបអោយដឹងថា អំពើរចោរលួច ឆក់ ប្លន់ បានផ្ទុះឡើងសារជាថ្មីគួរអោយកត់សម្គាល់។ ហើយសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក៏បានបង្រ្កាបករណីលួចម៉ូតូបានជាបន្តបន្ទាប់ផងដែរ។ ក្នុងនេះផងដែរមតិរិះគន់ នៅតែមានជាបន្តបន្ទាប់ថា ទោះជាសមត្ថកិច្ចព្យាយាមបង្រ្កាបជនសង្ស័យមួយចំនួនពាក់ព័ន្ធ និង ការលួចកាច់ ក ម៉ូតូ ករណី លួច ឆក់ របស់របរផ្សេងៗបានយ៉ាងណាក៏ដោយ ក៏វាមិនអស់នោះដែរ ដ៏រាបណាសមត្ថកិច្ចក្នុងប៉ោយប៉ែត នៅតែបន្តភាពអសកម្មក្នុងការបង្រ្កាបល្បែងសុីសង ប្រភេទបៀ អាប៉ោង និងអ្វីដែរពិសេសគឺល្បែងភ្នាល់តាមអនឡាញ៕