សមត្ថកិច្ចពាក់ព័ន្ធជុំវិញបឹងទន្លេសាប ក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង បើកដៃឱ្យប្រជានេសាទប្រើឧបករណ៍នេសាទត្រីខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុក....
(ខេត្តបាត់ដំបង)
ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា តាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ពេលវេលានៃការ បិតរដូវនេសាទរហូតមកដល់ពេលនេះ បទល្មើសនេសាទប្រើឧបករណ៍ ខុសច្បាប់ទ្រង់ទ្រាយធំជាច្រើនកំពុងមានការកើនឡើងយ៉ាង គំហុកនៅក្នុងតំបន់បឹងទន្លេសាប នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ លោក ងួន រតនះ អភិបាលខេត្តបាត់ដំបង ក៏ដូចជាលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល មិនចាត់វិធានការបង្ក្រាបបទល្មើនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប នៃខេត្តបាត់ដំបងនោះឡើយ។ ផ្ទុយទៅវិញទាំងលោក ងួន រតន: និងលោក អេង ជាសាន បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យមន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនៅខ្លួនគ្រប់គ្រងធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីប្រជានេសាទសូមមិនបញ្ជេញឈ្មោះម្នាក់ នៅតំបន់បឹងទន្លេសាប នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្ន មានជនល្មើសដែលជាជនជាតិខ្មែរនិងជនជាតិយួនជាច្រើននាក់ប្រើឧបករណ៍ខុសច្បាប់ប្រភេទអួនកែច្នៃ ចាប់ត្រីយ៉ាងមហន្តរាយព្រោះមានការឃុបឃិតបើកដៃពីមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ។ ប្រភពដដែលបន្តទៀតថាា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល ក៏ដូចជាសមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចនគរបាលក្នុងមូលដ្ឋានទេនោះ គឺគ្មានជនល្មើសណាអាចប្រើឧបករណ៍ខុសច្បាប់ប្រភេទម៉ាញ់និង អួនកែច្នៃ និងប្រើទូកម៉ាស៊ីនធំៗ ចាប់ត្រីយ៉ាងពេញបន្ទុកដូចសព្វថ្ងៃទេ។ បើតាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តបាត់ដំបង បានឲ្យដឹងថា លោក លឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តខេត្តបាត់ដំបង និងលោក ជួងសុផល នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ឃុបឃិតឲ្យមន្ត្រីរដ្ឋបាលជលផលក្នុងស្រុក ឯកភ្នំ ធ្វើអ្វីៗតាមអំពើចិត្តហើយមានការបែងចែកផលប្រយោជន៍យ៉ាងសុខស្រួលតាមលំដាប់លំទៀតផង។
សេចក្ដីរាយការណ៍ពីប្រជានេសាទនេសាទនៅតំបន់បឹងទន្លេសាប ស្រុក ឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថា ការប្រើប្រាស់ឧបករណ៍ប្រភេទអួនកែច្នៃអូសដោយទូកធំៗ ម៉ាស៊ីន៦ កំពុងធ្វើឲ្យធនធានមច្ឆជាតិក្នុងបឹងទន្លេសាប ប្រឈមនឹងសេចក្ដីវិនាសពពួកត្រី។ ប្រភពបានឲ្យដឹងទៀត ជនជាតិខ្មែរ និង ជនជាតិ វៀតណាម ដែលប្រើឧបករណ៍ខុសច្បាប់មានដូចជា ឈ្មោះ ដឹក ,ឈ្មោះរេីន, ឈ្មោះ ឆេង អាង, ឈ្មោះ ង្វៀង យ៉ាំងឡាំង, ឈ្មោះ ឌីណា និងឈ្មោះ ភឿន ជាដើម។ ក្រុមជនល្មើសទាំងនេះបង់ប្រាក់តាមការកំណត់របស់មន្ត្រីរដ្ឋបាលជលផល និង សមត្ថកិច្ចពាក់ព័ន្ធក្នុង ស្រុកឯកភ្នំ ទើបអាចធ្វើអ្វីៗតាមអំពើចិត្ត។ ថ្មីៗនេះប្រភពពីមន្ត្រីនៅក្នុងនុង មន្ទីរកសិកម្មខេត្ត បាត់ដំបង បានឲ្យដឹងថា អ្នកទទួលផលប្រយោជន៍ពីបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប នៃ ស្រុកឯកភ្នំ មានទាំងមន្ត្រីធំៗក្នុងខេត្តបាត់ដំបង ក៏ដូចជា មេ នគរបាល និងមេ កងរាជអាវុធហត្ថ ក្នុង ខេត្តបាត់ដំបង មួយចំនួនដែលគិតតែរឿង ផលប្រយោជន៍ផ្ទាល់ខ្លួន។
ដូច្នេះហើយទើបលោក ងួន រតន: អភិបាល ខេត្តបាត់ដំបង ព្រមទាំងលោក លឹមវជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង និងលោក ជួង សុផល នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង នាំគ្នាសម្ងំស្ងាត់ឈឹងមិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទនោះឡើយ។ សូម្បីតែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អេង ជាសាន អគ្គនាយករដ្ឋបាល ជលផល ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ទុកឲ្យបទល្មើសនេសាទប្រើឧបករណ៍ ខុសច្បាប់ចាប់ត្រីក្នុងតំបន់បឹង ទន្លេសាប នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង រាលដាលខ្លាំងក្លាជាងឆ្នាំមុនៗទៅទៀត៕ ពាក់ព័ន្ធការចោទប្រកាន់ខាងលើអង្គភាពគេហទំព័រ រស្មី ជាយដែន យើងមិនអាចសុំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធខាងលើបាននោះទេព្រោះមិនមានលេខទូរសព្ទ តែអង្គភាពយើងនឹងរង់ចាំការបំភ្លឺរាងរាល់ម៉ោងធ្វើការ៕