កម្លាំងកងអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិ នីហ្សេរីយ៉ា០១នាក់ រួមជាមួយនិងវត្ថុតាងមួយចំនួនធំទៅ.......
(រាជធានីភ្នំពេញ)
នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ អាវុធហត្ថ រាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យជាជនជាតិ នីហ្សេរីយ៉ា០១នាក់ រួមជាមួយវត្ថុតាង គ្រឿងញៀនចម្រុះ សរុប០៣គីឡូក្រាម ទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ទន្ទឹមជាមួយ បក្ខពួកជនសង្ស័យ ម្នាក់ផ្សេងទៀត ជាជនជាតិនីហ្សេរីយ៉ា ដូចគ្នា ដែលបានរត់គេចខ្លួន ពីការតាមចាប់របស់ សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុច ក្រុមទី៦ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។
គួររំលឹកដែរថា កាលពីព្រលប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដែលរួមមាន កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ឬទ្ធី សហការណ៍ជាមួយកម្លាំង ការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន់ សុភាព បានបើកប្រតិបត្តិការ បង្ក្រាបគ្រឿងញៀនខ្នាតធំ នៅចំណុចលើផ្លូវបេតុងលេខ១៩ និងបន្ទប់ជួលលេខ០៩ ជាន់ទី១ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាង ០៣ខែ ដោយឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា០១នាក់ ឈ្មោះ FRANK UBALE ភេទប្រុស អាយុ ៥០ឆ្នាំ និងរឹបអូសគ្រឿងញៀនជាច្រើនប្រភេទ សរុប ០៣គីឡូក្រាម ហើយនៅក្នុងប្រតិបត្តិការបង្ក្រាបនាពេលនោះ ក៏មានបក្ខពួកជនសង្ស័យម្នាក់ផ្សេងទៀត ដែលជាជនជាតិនីហ្សេរីយ៉ាដូចគ្នា បានរត់គេចពីការតាមចាប់របស់សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ដោយផ្លោះរបងចូលទៅក្នុងត្រពាំងទឹកមួយកន្លែង នៅចំណុច ក្រុមទី៦ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ ជនសង្ស័យ ខាងលើ បានសារភាពថា គ្រឿងញៀនទាំងអស់ ជារបស់រូបគេ ពិតប្រាកដមែន សម្រាប់ធ្វើការជួញដូរ ចែកចាយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយរូបគេ ក៏មានបក្សពួកជាជនជាតិ នីហ្សេរីយ៉ា ០២នាក់ ផ្សេងទៀត។ ០២ថ្ងៃក្រោយមក មានប្រជាពលរដ្ឋ ចុះបេះត្រកួន បានប្រទះឃើញសាកសពអណ្តែតទឹក ដែលជាជនជាតិនីហ្សេរីយ៉ា បក្ខពួកជនសង្ស័យខាងលើ បង្កការភ្ញាក់ផ្អើលឆោឡោយ៉ាងខ្លាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នំា២០១៩ ទើបសមត្ថ កិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការទម្លាយព័ត៌មានស្តីពីការបង្ក្រាគ្រឿងញៀនខ្នាតធំទាំងនេះ ដល់អ្នកសារព័ត៌មានបានដឹង។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំនេះ គឺអនុវត្តតាមការដឹកនាំដ៏ឈ្លាសវៃ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាលលោកនាយឧត្តមសេនីយ៍ បានណែនាំដល់អាវុធហត្ថទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវទិសស្លោកណែនាំរបស់លោកនាយឧត្តមសេនីយ៍គឺ៖«ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះរាស្ត្រប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាបដោយម៉ឺងម៉ាត់»។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអំពាវសុំឲ្យអ្នកសារព៏ត៌មានទាំងអស់ សូមយោគយល់ ចំពោះករណីខ្លះ ដែលសមត្ថកិច្ចកំពុងបន្តនិតិវិធី សូមមេត្តាកុំព្យាយាមផ្សព្វផ្សាយដែលអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ការស្រាវជ្រាវរបស់សមត្ថកិច្ច។ ជាក់ស្តែងដូចជាករណី គ្រឿងញៀន ចោរប្លន់ ចោរលួច ចោរឆក់ ឬឃាតកម្មមួយចំនួន ភាគច្រើនគឺសុទ្ធតែជាប់ពាក់ព័ន្ធជាមួយមេក្លោងនិងបក្ខពួកច្រើននាក់ ដែលសមត្ថកិច្ចត្រូវបន្តធ្វើការស្រាវជ្រាវនិងតាមចាប់ ខ្លួន។ ដូច្នេះពេលសមត្ថកិច្ចធ្វើការបង្ក្រាបបទល្មើសនិងឃាត់ខ្លួន ជនសង្ស័យ ទោះនៅទីកន្លែងឯកជនក៏ដោយ ឬនៅលើទីសាធារណៈក៏ដោយ ប្រសិនបើសមត្ថកិច្ចសុំមិនបញ្ចេញព័ត៌មាន សូមឲ្យអ្នកសារព័ត៌មានមេត្តាយោគយល់ គោរពដល់តួនាទីភារកិច្ចរបស់សមត្ថកិច្ច និងវិជ្ជាជីវៈសារព័ត៌មានដោយអនុគ្រោះ ជៀសវាងការផ្សាយព័ត៌មានទាំងនោះ ប្រែក្លាយជាការជូនដំណឹងដល់មេក្លោងនិងបក្ខពួកជនល្មើសឲ្យមានការប្រុងប្រយ័ត្នកាន់តែខ្ពស់និងគេចខ្លួនកាន់តែឆ្ងាយ ប៉ុន្តែប្រសិនបើសមត្ថកិច្ចប្រមូលផ្តុំភស្តុតាងកំណត់អត្តសញ្ញាណក្រសោបមុខសញ្ញាបាន ឬមុខសញ្ញាត្រូវបានគេចខ្លួន បាត់តម្រុយ នោះសមត្ថកិច្ចនឹងផ្តល់ព័ត៌មានជាចំហរជូនដល់បងប្អូនអ្នកសារព័ត៌មានយើងហើយ ៕