បែកធ្លាយមន្ត្រីបរិស្ថាន ក្នុងស្រុកត្រពាំងប្រាសាទ គឺជាមេក្លោងនៅពីក្រោយក្រុមឈ្មួញ កាប់បំផ្លាញ ព្រៃឈើ....
(ខេត្តឧត្ដរមានជ័យ)
មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅមូលដ្ឋានក្នុងស្រុក ត្រពាំងប្រាសាទ បានឲ្យដឹងដែរថាលោក ហោ លិម មន្ត្រីបរិស្ថានប្រចាំស្រុកត្រពាំងប្រាសាទ និងលោក ថោង តារា មន្ត្រីបរិស្ថានស្នាក់ការ ដែនជម្រក ដែលមានស្នាក់ការនៅក្នុង ភូមិ ទំនប់ ខ្នុរ ឃុំត្រពាំង ប្រាសាទស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យគឺជាមេក្លោងបើដៃឱ្យឈ្មួញធ្វើការដឹកជញ្ជូនឈើតាមតែអំពើចិត្ត។
ប្រភពខាងលើបានបន្តទៀតថាក្រុមឈ្មួញទាំងនោះបានធ្វើការដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ហើយមួយចំនួនទៀតបានដាក់ម៉ាស៊ីនត្រង់ស៊ីន័រ (ម៉ាសីុនង៉ោង)ក្នុងទឹកដីខេត្តឧត្តរមានជ័យ តែម្ដងហើយបានដឹកជញ្ជូនឆ្លងកាត់តាម ភ្នំពុល និងតាមផ្លូវស្ពានមាស រួចហើយយកមកទុកក្នុងភូមិទំនប់ខ្នុរ និង ភូមិផ្សេងៗទៀតក្នុងស្រុកត្រពាំងប្រាសាទ រួចហើយនឹងបន្តចែកចាយនៅក្នុងខេត្តសៀមរាប បានដោយរលូន។ប្រភពបញ្ជាក់ទៀតថាក្រុមឈ្មួញបានធ្វើការដឹកជញ្ជូនឆ្លងកាត់ស្នាក់ការបរិស្ថានក៏ដូចជាស្នាក់ការស្ថាប័នពាក់ព័ន្ធផ្សេងទៀតបានដោយសេរីគ្រាន់តែបង់ប្រាក់តាមការកំណត់របស់ពួកគេគឺជាការស្រេច។
ផ្ទុយទៅវិញលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបានរក្សាភាពស្ងៀមស្ងាត់ពុំមានចំណាត់ការទប់ស្កាត់អ្វីទាល់តែសោះខណៈពេលដែលក្រុមឈ្មួញជាច្រើនកំពុងតែកាប់និងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់មន្ត្រីបរិស្ថាន៕ ពាក់ព័ន្ធការចោទប្រកាន់ខាងលើអង្គភាពគេហទំព័រ រស្មី ជាយដែន យើងមិនអាចសុំការបំភ្លឺពីលោក ភួង លីណាប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបាននោះទេព្រោះមិនមានលេខទូរសព្ទ អង្គភាពយើងខ្ញុំនិងរងចាំការបំភ្លឺពីលោក ភួង លីណា រាងរាល់ម៉ោងធ្វើការ៕