សមត្ថកិច្ចរឹបអូសបានគ្រឿងញៀនជិត ៨គីឡូក្រាម ក្រោយពីឃាត់ខ្លួនជនជាតិថៃ២នាក់ និងរថយន្ត១គ្រឿង នៅជាប់ព្រំដែនថៃក្នុងខេត្តឧត្តរមានជ័យ....
(ខេត្តឧត្តរមានជ័យ)
ជនជាតិថៃ២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន ក្រោយពីស្រាវជ្រាវកំណត់មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែននៅភូមិសាស្រ្ត ខេត្តខេត្តឧត្តរមានជ័យ រហូតចាប់បានមេក្លោងជួញដូរចំនួន២នាក់ ជាជនជាតិថៃ ព្រមទាំងរឹបអូសថ្នាំញៀនបានជិត ៨គីឡូក្រាមទៀតផង។
យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មានយេីងទទួលបាននាវេលារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្ហាញថា ប្រតិបត្តិការបានធ្វើឡើងកាលពីរសៀល ថ្ងៃទី១០ខែធ្នូ ម្សិលមិញ ក្រោមការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន «ក៩» បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿង ញៀនឆ្លងដែនពីថៃមកកម្ពុជា (ឆ្លងកាត់តាមច្រកព្រំដែនអូស្មាច់) ដោយមានការចូលពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តនៅចំណុច ផ្លូវជាតិលេខ៦៨ ស្ថិតនៅភូមិអូរពក ឃុំកូនក្រៀល ក្រុងសំរោងខេត្ត ឧត្ដរមានជ័យ។
ដោយជនសង្ស័យទាំង២នាក់ ដែលឃាត់បានរួមមាន៖
-ទី១. ឈ្មោះ ប្រាក់ ស៊ុប ជនជាតិថៃ អាយុ៣៤ឆ្នាំ មុខរបរកសិករធ្វើស្រែ រស់នៅភូមិប្រាសាទ ស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ
-ទី២. ឈ្មោះ ណាត ថាភុន អាយុ៤២ឆ្នាំ ជនជាតិថៃ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិប្រាសាទ ស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ។ ដោយឡែកវត្ថុតាងជាសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ០៨ដុំធំ ស្មើនឹងទម្ងន់ ៧.៩៧៩,៥៦ក្រាម និងរថយន្ត០១គ្រឿង។ ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿង បន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕