លោកអភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅពិនិត្យរថយន្តបុករះ និងផ្ទុះធុងហ្គាស់កាលពីយប់នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ÷ នៅព្រឹកថ្ងៃទី១៥ តុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅពិនិត្យមើលដល់កន្លែងកើតហេតុមួយដ៏រន្ធត់ បានកើតឡើងនៅម៉ោងប្រមាណជា១១និង៣០នាទីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩ចំនុចមុខ សាលាចិនភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តឆ្លាមបុកជាមួយម៉ូតូកង់បី ហើយរ៉េចង្កូតចូលទៅបុក នឹង ធុងហ្គាសបញ្ចូល រថយន្តដែលតំរៀបលក់ក្នុងតូបបណ្តាលអោយផ្ទុះឆេះជាបន្តបន្ទាប់យ៉ាងសន្ធោសន្ធៅ និង ឆេះរាលដាលថល់តូបអ្នកបញ្ចូលហ្គាសរថយន្តដូចគ្នាអស់ជាង១០តូប។
ក្រោយចុះពិនិត្យមើលជាមួយអាជ្ញាធរក្រុង សមត្ថកិច្ចពាក់ព័ន្ធរួច ឯកឧត្តម អភិបាលខេត្តបានបន្តអញ្ជើញនាំយកថវិកា មួយចំនួន និង សម្ភារៈទៅចូលរួមរំលែកទុក្ខគ្រួសារសពក្មួយស្រី នី សុដា អាយុ ២៩ឆ្នាំ រស់នៅខេត្តបាត់ដំបង់(រងគ្រោះស្លាប់) តម្កល់ធ្វើបុណ្យនៅវត្តស្រះត្រាច ហើយបន្តទៅសួរសុខទុក្ខប្តីរបស់នាង ដែលបានទទួលរងគ្រោះថ្នាក់ធ្ងន់ជាមួយគ្នា សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។