រថយន្តកាម៉ារីឆ្លាម ១គ្រឿងបើកបុកម៉ូតូរ៉ឺម៉កកងបីអ្នកលក់មីឆា រួចរេចង្កូតទៅបុកផ្ទះអាជីវករលក់ហ្គាស បង្កឱ្យមានអគ្គិភ័យឆាប់ឆេះ ក្រោយពីកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល....
(ក្រុងប៉ោយប៉ែត)
រយន្តកាម៉ារីឆ្លាមមួយគ្រឿងបុកម៉ូតូកង់បី ចូលផ្ទះលក់សាំង និងហ្គាស ឆាបឆេះស្លាប់មនុស្សម្នាក់ ឆេះរថយន្ត និងម៉ូតូ ទ្រព្យសម្បត្តិ ផ្ទះអស់ជាច្រើនខ្នង ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៩ មុខបុរីសុខស្រេង២ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះដែលស្លាប់នៅក្នុងគំនរភ្លើងឆេះដ៏សន្ទោសណ្តៅនេះ បើតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចបានឲ្យដឹងថា៖ ជាមនុស្សស្រី តែមិនទាន់អាចកំណត់អត្តសញ្ញាណបានឡើយទេ ។ ហើយសពត្រូវសមត្ថកិច្ចរក្សាទុករងចាំសាច់ញាតិផងដែរ ។ ក្រៅពីមនុស្សស្លាប់ម្នាក់ អគ្គីភ័យនេះបានឆាបឆេះ ផ្ទះចំនួន៥ទៅ៦ខ្នង រថយន្តម៉ាកកាម៉ារី៩៥គ្រឿងចំនួន១គ្រឿង(រថយន្តបង្ក) រថយន្តម៉ាកធុនត្រា១គ្រឿង ម៉ូតូរ៉ឺម៉កកង់បី១គ្រឿង និងម៉ូតូឌ្រីមសេរីឆ្នាំ២០១៩ ចំនួន១គ្រឿង រួមទាំងទ្រព្យសម្បត្តិ សម្ភារជាច្រើនទៀតផងដែរ ។ ប្រភពពីអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ រថយន្តកាម៉ារីសេរីឆ្នាំ៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2E-7477 បើកបរពីទិសលិចទៅកើត ស្រាប់តែដល់ចំណុចកើតហេតុ បានបុកកៀរម៉ូតូរ៉ឺម៉កកង់បីលក់មីឆាស្របទិសគ្នា បានជ្រុលចង្កូតឡើងលើឃឿនផ្លូវ ចូលផ្ទះអ្នកលក់សាំង និងហ្គាសបណ្តាលឲ្យមានអគ្គីភ័យកើតឡើងតែម្តង ។ ក្រោយពីអគ្គីភ័យឆាបឆេះ អាជ្ញាធរ មានសមត្ថកិច្ច បាននាំយករថយន្តពន្លត់អគ្គីភ័យនគរបាលក្រុងប៉ោយប៉ែត រថយន្តពន្លត់អគ្គីភ័យនគរបាលស្រុកអូរជ្រៅ និងរថយន្តពន្លត់អគ្គីភ័យកាស៊ីណូត្រូពីកាណា រួមទាំងកម្លាំងប្រជាពលរដ្ឋ រួមគ្នាបាញ់ពន្លត់អស់រយៈពេលប្រហែល២ម៉ោងក្រោយទើបពន្លត់បានជាស្ថាពរ ។ បញ្ជាក់៖ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានធ្លាប់ចេញសេចក្តីជូនដំណឹងដើម្បីឲ្យប្រជាពលរដ្ឋដែលមានមុខរបរលក់សាំង និងហ្គាស មិនឲ្យមានការដាក់តាំងលក់ នៅលើចិញ្ចើមផ្លូវ និងតាមផ្ទះល្វែង ឬតាមតូបជាប់ៗ គ្នាឡើយ ត្រូវរកទីតាំងឲ្យបានធំសមរម្យ ល្អ ។ តែសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានប្រសិទ្ធភាព និងពុំមានវិធានការទប់ស្កាត់ឡើយ ។ គេសង្កេតឃើញថា ក្រុងប៉ោយប៉ែត មានកន្លែងលក់សាំង និងហ្គាសជាច្រើនកន្លែង ដែលមិនទាន់បានអនុលោមទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត រួមទាំងកន្លែងដែលមានអគ្គីភ័យឆាបឆេះហើយនោះ ក៏នៅតែដាក់លក់បន្ត កត្តាទាំងនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរកន្លែងលក់សាំង និងហ្គាសទាំងនោះមានក្តីព្រួយបារម្ភ ពីគ្រោះថ្នាក់អគ្គីភ័យកើតឡើងគ្រប់ពេលវេលាផងដែរ ៕